ឆាគ្រឿង​សាច់គោ

  • គ្រឿង​ផ្សំ
-  សាច់គោ (សាច់​ស្រួយ ឬ​សាច់កំភួន)
-  គល់ស្លឹក​គ្រៃ​ហាន់ ខ្ទឹម​ស រមៀត ស្លឹកក្រូចសើច រំដេង
-  សណ្តែក​ដី​លីង
-  ម្ទេស​ប្លោកបៃតង
-  ខ្ទឹម​បារាំង
-  ប្រេង​ឆា ស្ករ អំបិល

របៀប​ធ្វើ
-  ហាន់​សាច់​គោ​ជា​ចំណិតតូចៗ។
-  បុកគល់ស្លឹក​គ្រៃ​ហាន់ ខ្ទឹម​ស រមៀត ស្លឹកក្រូចសើច រំដេង និង​សណ្តែក​ដី​លីងចូល​គ្នា​អោយ​ហ្មត់។
-  ពុះម្ទេស​ប្លោក១ ជា​៦​ រួចហាន់បញ្ឆិតៗមិន​តូច​ពេក​មិន​ធំ​ពេក។​
-  ​ហាន់​ខ្ទឹម​បារាំង​បណ្តោយ តូចៗ។
-  ចាក់​ប្រេង​ឆា​បន្តិច​ចូល​ក្នុង​ខ្ទះ ទុក​អោយ​ក្តៅរួច​ចាក់​គ្រឿង​ដែលបុក​ហើយ​ចូល។ លីង​គ្រឿង​បន្តិចរួច​​ចាក់​សាច់​គោ​ចូល ​ម្ទេស​ប្លោក​និង​ខ្ទឹម​បារាំង​ចូល​ដំណាលគ្នា (សាច់​ស្រួយ​ជា​សាច់ផុយ មិន​ចាំបាច់​រំងាស់​ទេ)។ ឆា​ច្របល់​ចូល​គ្នា​ ដាក់​​ស្ករ និងអំបិលរួចភ្លក់តាម​រសជាតិ​ដែល​ចូល​ចិត្ត។ ទុក​លើ​ភ្លើង​មើល​តែ​ម្ទេស​ប្លោក​ឆ្អិន ដួស​ដាក់​ចាន​ជា​ការ​ស្រេច៕