ណែមត្រី

កាលនៅ​ស្រុក​ខ្មែរ ​ចេះ​ចំអិនតែម្ហូបធម្មតា ដូច​ស្ងោរ​ ឆា ញាំ ជាដើម របស់​ណា​ពិបាក​ធ្វើ​ ទៅ​ទិញ​ពី​ផ្សារមក​ញ៉ាំ​ស្រាប់ៗ​​។ នៅពេល​មក​ដល់​ស្រុក​គេ រៀនធ្វើម្ហូបសព្វ​គ្រប់បើ​មិន​ខំ មិន​បាន​របស់​ឆ្ងាញ់​ញ៉ាំ​ទេ! ឥឡូវ​ចេះ​ធ្វើ​ទាំង​ណែម​ត្រី​ទៀត! តែ​មិន​មែន​ខ្ញុំ​ទេ ជា​ស្នាដៃ​ប្តី​និង​កូន ​:

គ្រឿង​ផ្សំ៖ 
§  ជា​ធម្មតា​គេប្រើ​ត្រី​រ៉ស់ ឬ ត្រី​ស្លាត ដោយ ជន្លាស​យក​តែ​សាច់ ៦០០​ក្រាម
§  ស្ករស ២​ស្លាបព្រាបាយ   អំបិល ១​ស្លាបព្រាបាយ
§  រំដេង ៣​មើម  ខ្ទឹម​ស​១​មើម
§  ម្ទេស
§  ស្លឹកកន្ទួត​ (បើមាន)
§  ថង់ប្លាសស្ទិច​ទុក​ច្រក

របៀប​ធ្វើ៖
§  បុក​ឬកិនរំដេង និង​ខ្ទឹម​សចូលគ្នាអោយម៉ត់។
§  ហាន់​សាច់​ត្រី​ជា​ចំណិត​តូចៗ រួចបុកឬកិនអោយម៉ត់​ដែរ។
§  លាយសាច់​ត្រីដែម៉ត់​ហើយ​ជា​មួយ​រំដេង និង​ខ្ទឹម​ស ដាក់​ស្ករស និង​អំបិល​ចូល រួច​ច្របល់​ចូល​គ្នា​អោយ​សព្វ។
§  ច្រក​ដាក់​ថង់​ដោយ​សង្កត់​អោយ​ណែន និង​​បង្កប់​ម្ទេស និង​ស្លឹក​កន្ទួត​តាម​បរិមាណដែល​អ្នក​ចូល​ចិត្ត រួច​ចងអោយ​ជិត​កុំអោយ​ចូល​ខ្យល់។
§  ទុក ២ថ្ងៃ២​យប់ ដោយ​មិន​អោយ​ត្រូវកំដៅថ្ងៃ និង​មិន​ដាក់​ក្នុង​ទូរ​ទឹកកក  សាច់​ត្រី​នឹង​ឆ្អិន​ហើយឡើង​ជូរ​ឆ្ងាញ់អាច​បរិភោគបាន៕