បាយចំហុយសាច់ជ្រូក

ចំណាយពេលតែ ៣០នាទី លោកអ្នកអាចបានបាយនិង ម្ហូបយ៉ាងឆ្ងាញ់ពិសារ

+ គ្រឿងផ្សំ៖ 
- អង្ករផ្កាម្លិះ ២ពែង
- សាច់ជ្រូក (សាច់ចំឡក) ហាន់ជាបន្ទះស្តើងៗ ៣០០ក្រាម
- គ្រឿងការី ១០០ក្រាម
- ស្លឹកក្រូចសើច ហាន់ជាសរសៃឆ្មារៗ ១សន្លឹក
- ម្ទេសដៃនាងក្រហម ហាន់ជាសរសៃឆ្មារៗ ១ផ្លែ
- បន្លែត្រសក់និងសណ្តែកកួរ ឬតាមចំណូលចិត្ត ២០០ក្រាម។

+ វិធីចំអិន ៖ 
១. លាងអង្ករឱ្យស្អាត ហើយដាក់ក្នុងឆ្នាំងថ្មីទទេស្អាតមួយ។ បន្ទាប់មក ដាក់គ្រឿងការីចូល រួចលាយច្របល់បញ្ចូលគ្នាឱ្យសព្វ។ ឯសាច់ជ្រូក ប្រឡាក់ជាមួយគ្រឿងការី។ បើសាប អាចថែមអំបិលបន្តិច។
២. អង្ករដែលលាយគ្រឿងរួច ផ្ទេរទៅដាក់ក្នុងចានធំ មានបាតជ្រៅបន្តិច រួចហើយ ដាក់បន្ទះសាច់ជ្រូកប្រឡាក់ពីលើ មុននឹងយកទៅចំហុយឱ្យឆ្អិនល្អ ដោយប្រើរយៈពេល ប្រមាណ ៣០-៤៥នាទី។
៣. មុននឹងទទួលទាន រោយម្ទេសហាន់ និងសន្លឹកក្រូចសើច ពីលើ ដើម្បីឱ្យមាន រសជាតិហឹរ និងក្លិនឈ្ងុយនៃស្លឹកក្រូចសើច។ ទទួលទានជាមួយបន្លែ ពិតជាមានរស ជាតិឆ្ងាញ់ជាប់មាត់៕