វិធីបណ្តុះផ្សិតចំបើងក្នុងកញ្ច្រែង

ធាតុ​ផ្សំ​ ៖
១- ចំបើង​ស្អាត និង​ស្ងួត​ចិញ្ច្រាំ ៥០​គីឡូក្រាម​
២- ម្សៅ​អង្ករដំណើប ម្សៅពោត ១​គីឡូក្រាម​ដូចគ្នា​
៣- ទឹក​ជី EM ២៥០​មី​លី​លីត្រ​
៤- លាមក​គោ​ហាល​ស្ងួត​ម៉ដ្ឋ សំបក​សណ្តែកសៀង សណ្តែកបាយ ដើម​ចេក កំប្លោក​ចិញ្ច្រាំ កន្ទក់​ម៉ដ្ឋ យក​៥​គីឡូ​ដូចៗ​គ្នា​។​

​វិធី​បណ្តុះ​៖
១- ដាក់ លាយ​ចំបើង លាមក​គោ សំបក​សណ្តែកសៀង សណ្តែកបាយ ដើម​ចេក កំប្លោក​ចិញ្ច្រាំ កន្ទក់​ម៉ដ្ឋ ឲ្យ​ល្បាយ​សព្វ​។​
២- លាយ​ម្សៅ​អង្ករដំណើប ជាមួយ​ទឹក​ជី EM ២៥០​មី​លី​លីត្រ សម្រាប់​បរិមាណ​ទឹក​ដែល​អាច​ស្រោច​ឲ្យ​សើម​ល្បាយ​ខាងលើ​បាន​៦០% ច្របល់​ឲ្យ​សព្វ​រួច​ទុក​១​ម៉ោង​។​
៣- យក​ល្បាយ​មក​ញាត់​ចូលក្នុង​កញ្ច្រែង (​ទំហំ​មាន​អង្កត់ផ្ចិត​ប្រមាណ​៥​តឹក​) ដាក់​ជាន់​ទី​១​កម្ពស់​២​តឹក ឲ្យ​ណែន រួច​យក​លាមក​គោ​ស្ងួត ទៅ​រោយ​បន្ថើរៗ​ពីលើ រួច​រោយ​ម្សៅពោត និង​មេ​ផ្សិត​បន្ថើរៗ​ពីលើ និង​ដាក់​កំប្លោក​ពីលើ​មួយ​ជាន់​ទៀត ដោយ​អនុវត្ត​បែបនេះ​ចំនួន ៣​ជាន់​ដូចៗ​គ្នា​។​
៤- យក​កញ្ច្រែង​ដែល​បានដាក់​បណ្តុះ​រួច​នោះ​ទៅ​ដាក់​នៅ​
​ក្រោម​ដើមឈើ ឬ​កន្លែង​ដែលមាន​ម្លប់ រួច​ធ្វើ​គ្រោង​ឫស្សី​រាង​កោង​សម្រាប់​ដាក់​គ្រប​ដំបូល​ថង់​ប្លា​ស្ទិ​ច​កម្ពស់​១​ម៉ែត្រ ការពារ​កុំ​ឲ្យ​លិច​ទឹក ហើយ​សង្កត់​អោយ​ហប់ កុំអោយ​របើក​តាម​ខ្យល់ និង​ធ្វើ​ដំបូល​ស្លឹក​ដូង ឬ​ស្លឹកត្នោត​ខាងលើ​មួយ​ជាន់​ទៀត​។​

​ការថែទាំ​៖
៥- ផ្សិត​អាច​ដុះ​បានល្អ​នៅ​សីតុណ្ហភាព​៣០-៣២​អង្សា មួយអាទិត្យ​ម្តង​បើក​ផ្ទាំង​សំពត់​ចេញ ប្រស់​ទឹក​អោយ​សើម​ចំបើង​ផ្អួរៗ​តិចៗ ហើយ​គ្រប​ទុក​វិញ តែ​កុំ​ប្រស់​ទឹក​ច្រើន​ហួសប្រមាណ នឹង​នាំអោយ​ផ្សិត​រលួយ​កូន ខាន​ដុះ​ចេញមក​។​
៦- ក្នុង​រយៈពេល​ពីរ​អាទិ​ត្យ ផ្សិត​នឹង​ចាប់ផ្តើម​ដុះ​ចេញ​កូន​តម្រៀប​គ្នា​។ បើសិន​ជាមាន​ផ្សិត​ធំ​ល្មម អាច​បេះ​បាន សូម​បេះ​ចេញ ដើម្បី​ទុក​កន្លែង អោយ​ផ្សិត​ដុះ​ថែមទៀត នៅ​ថ្ងៃ​បន្ត​បន្ទាប់មក​។​
៧- រយៈកាល​បេះ​ផល គឺ​រវាង​ចុង​អាទិត្យ​ទី​ពីរ រហូតដល់​ពេញ​អាទិត្យ​ទី​៤​។​
៨- ចូល​អាទិត្យ​ទី​៥ ឬ ទី​៦ ផ្សិត​នឹង​ថមថយ​លែង​ដុះ យើង​អាច​រើ​យក​យក​ចំបើង​នោះមក​ជ្រលក់​ទឹក​ដែល​លាយ​ខាងលើ ប្រស់​ជីរ​លាមក​គោ មេ​ផ្សិត និង​ម្សៅពោត​សាជាថ្មី​។​